មនុស្សរឹងមាំ

 

មនុស្សរឹងមាំ

     តើអ្នកធ្លាប់ទេ ដែលមានមនុស្សនៅជុំវិញខ្លួនតែងនិយាយលើកសរសើរអ្នកជាមនុស្សរឹងមាំ? ច្បាស់ណាស់ថាមានមនុស្សជាច្រើនដែលតែងតែសរសើរថាអ្នកពូកែអាចឆ្លងកាត់ និងដោះស្រាយរឿងរ៉ាវជាច្រើន ជាពិសេសគឺរាល់ការជួបបញ្ហាទាំងនោះអ្នកតែងអាចដោះស្រាយវាបាន។ មនុស្សរឹងមាំយកបញ្ហាដែលនៅចំពោះមុខបាន ហើយពូកែខាងប្រឹក្សាយោបល់ ជួយដោះស្រាយណែនាំ ផ្ដល់កម្លាំងចិត្តឲ្យអ្នកដទៃនៅពេលណាដែលគេពិបាកចិត្តរឺបាក់ទឹកចិត្តជាដើម។ 

     ស្របពេលនោះដែរគ្រប់គ្នាតែងមើលសម្បកក្រៅហើយវិនិច្ឆ័យប្រៀបដូចជា ការវាយតម្លៃពីខាងក្រៅនៃការស្លៀកសម្លៀកបំពាក់។ ក្នុងនោះយើងមិនអាចដឹងថាមូលហេតុដែលគេអាចឈរនឹងខ្លួនដូចសព្វថ្ងៃគឺគេជួបរឿងដែលអ្នកមិនធ្លាប់ជួប ហើយប្រឈមនឹងដោះស្រាយបញ្ហាជាច្រើនរហូតដល់គេក្លាយជាមនុស្សរឹងមាំ ដែលអាចឲ្យអ្នកគ្រប់គ្នាសរសើរនៅពេលនេះបាន។ 

     ពុំចាំបាច់ព្យាយាមគេចវេសពីបញ្ហាទេ ព្រោះមានតែបញ្ហាទេដែលអាចបង្រៀនអ្នកឲ្យក្លាយទៅជាមនុស្សរឹងមាំបាន។ ដូចពាក្យដែលគេនិយាយមួយឃ្លាថា"បញ្ហាគឺជាឱកាស" ដូច្នេះត្រូវចេះឈោងចាប់យកឱកាសដើម្បីក្លាយជាមនុស្សរឹងមាំ គឺរឹងមាំសម្រាប់ខ្លួនឯងវាជារឿងដែលអស្ចារ្យបំផុតដែលកម្រមាននរណាអ្នកធ្វើបាន។ រឹងមាំសម្រាប់អ្នកដទៃគឺជារឿងក្រៅខ្លួន ប៉ុន្តែជាក្ដីសុខដូចគ្នាដែលអាចជួយចែករំលែក និង លើកទឹកចិត្តគេឲ្យក្លាយជាមនុស្សរឹងមាំដែរ។

"នៅពេលដែលអ្នកជឿជាក់លើខ្លួនឯងនោះរឿងអ្វីក៏អាចកើតឡើងបានដែរ"
-----------------------------------------
អត្ថបទទី ០០១
សរសេរដោយ៖ ហ៊ល កញ្ញា
រូបភាព Pinterest
©រក្សាសិទ្ធិដោយ៖ នគរស្មេរ
ទំនាក់ទំនងព័ត៌មានបន្ថែម
ទូរស័ព្ទលេខ ០៨៨ ៤៦៩៩ ៨៤០ / ០៩៦ ៩៦៩៦ ០១០

Comments

អត្ថបទពេញនិយមសម្រាប់ខែនេះ

ធ្វើតាមបេះដូង និងខួរក្បាលរបស់អ្នក