ឆ្លងកាត់បរាជ័យដ៏ឈឺចាប់
ឆ្លងកាត់បរាជ័យដ៏ឈឺចាប់
អតីតកាល ជាស្ពានចម្លងមកដល់បច្ចុប្បន្ន ហើយក៏បន្តទៅដល់អនាគតផងដែរ។ រាល់់ការដើរឆ្លងកាត់ ពីកន្លែងមួយទៅកន្លែងមួយ គឺទាមទារឲ្យមានការព្យាយាម អត់ធ្មត់ ប្រឹងប្រែង តស៊ូ ទើបអាចឆ្លងវាទៅបាន។
ជោគជ័យមិនមែនជាការកើតឡើងដោយចៃដន្យទេ នៅក្នុងនោះមានបរាជ័យជាច្រើន ដែលបានលាយឡំ គ្រប់រសជាតិក្នុងឆាកជីវិត។ មានតែអ្នក ដែលធ្លាប់ឆ្លងកាត់ទេ ទើបយល់ច្បាស់ រហូតមកឈរនៅចំណុចមួយដែលគួរសម នោះគឺមិនមែនជារឿងស្រួលឡើយ។ ពេលស្ថិតនៅក្នុងការធ្វើដំណើរ ជួបបញ្ហាជាច្រើន តែមិនឃើញដៃនរណាម្នាក់ ហុចមកជួយទេ ទម្រាំតែអាចឈរនៅលើទីខ្ពស់បាន ដូចជាពេលនេះ គឺអាចនិយាយបានថា ខ្លួនឯងរឹងមាំ និងក្លាហានណាស់ទៅហើយ។
ជីវិត តែងជួបប្រទះនឹងបញ្ហា ហើយបញ្ហាដែលចូលមកក្នុងជីវិតរបស់យើង គឺមានតែយើងខ្លួនឯងទេ ដែលដឹងច្បាស់ ថានឹងត្រូវប្រឈមមុខ ដោះស្រាយវាដោយរបៀបណានោះ។ រឿងខ្លះ វាស្ទើរតែបំបាក់ទឹកចិត្តយើងទាំងស្រុងទៅហើយ ការព្យាយាម ការអត់ធ្មត់ ការខិតខំ វាទៅទាំងព្រមហើយ។ ប៉ុន្តែយើងអាចដោះស្រាយវាបាន ថយក្រោយបន្តិច ដើម្បីសម្រាក ហើយបន្តដំណើរទៅមុខទៀត។ ហើយរាល់បរាជ័យជាច្រើន នៅក្នុងអតីតកាលអាចយកធ្វើជាបទពិសោធន៍នៅពេលដែលជួបបញ្ហាបន្ទាប់ ប្រសិនបើជារឿងដដែល។
មនុស្សដែលជួបបរាជ័យច្រើននៅក្នុងជីវិត គឺជាមនុស្សដែលសំណាងជាងគេ ព្រោះបានយល់ពីអត្ថន័យជីវិត ច្រើនជាងមនុស្សដែលរស់នៅចាំតែស្រួលមិនបានដើរ មិនបានរកដំណោះស្រាយ នៅពេលជួបបញ្ហា។ អ្វីដែលសំខាន់ គួរតែលើកទឹកចិត្ត ជូតទឹកភ្នែក ក្រោកឈរ ដោយស្មារតីមុតមាំ ថានឹងជម្នះឧបសគ្គនៅខាងមុខទៀតបន្ត ជាជាងយកពេលវេលាទៅបំបាក់ទឹកចិត្ត មើលងាយខ្លួនឯង ហើយសរសើរអ្នកដទៃ ច្រណែននឹងមនុស្សដែលគ្មានបទពិសោធន៍នៅក្នុងជីវិត។
-----------------------------------------អត្ថបទទី ០០៤
Comments
Post a Comment